ក្រោយធ្វើសន្ធិសញ្ញាប៉េកាំង រាជសំណាក់ចិនគិតថា បណ្ដាពួកអឺរ៉ុបដែលចិនធ្លាប់មើលរំលងនោះ ជាពួកជនជាតិដែលមានអានុភាពផ្នែកយោធាខ្លាំងជាងចិនខ្លាំងណាស់ ទើបធ្វើឲ្យគំនិតដែលធ្លាប់គិតថា ការដែលអាចធ្វើឲ្យប្រទេសចិនក្លាយជាប្រទេសរឹងមាំនោះ ចាំបាច់ត្រូវពង្រឹងអានុភាពដូចពួកលោកខាងលិចដែរ។
តាមពិតទៅគំនិតខាងលើនេះ មានតាំងពីសម័យវីរបុរសបង្ក្រាបអាភៀននាមលិនចឺស៊ី ដែលធ្លាប់ចង្អុលបង្ហាញថាប្រការដែលត្រូវរៀនសូត្រពីពួកអឺរ៉ុបនោះគឺការអភិវឌ្ឍវិស័យនាវាចរនិងកាំភ្លើងដ៏ទាន់សម័យនិងមានប្រសិទ្ធិភាព។ តែគំនិតនេះមិនត្រូវបានយកមកអនុវត្ដ ហើយត្រូវបានស្នើឡើងជាថ្មីម្ដងទៀត និងយកមកអនុវត្ដក្នុងកំឡុងឆ្នាំ គ.ស ១៨៦០-១៨៩០ ដោយមានកុងឈិនវ៉ាំង អ៊ីស៊ិនជាអ្នកពង្រឹងក្នុងក្រុង និងតាមខេត្ដមាន ចឺងកួហ្វាន និងអ្នកផ្សេងទៀតដែលជិតស្និទ្ធិនឹងគាត់មានដូចជាលីហុងចាង សិស្សរបស់ចឺងកួហ្វាន និងកូនចៅរបស់ចឺងកួហ្វានឈ្មោះ ចួចុងថាំង និងលោកបណ្ឌិតចាងជឺតុងជាដើម។
ចលនាបែបលោកខាងលិចមានគោលគំនិតសំខាន់ដោយមានការចាត់តាំងទីស្នាក់ការរាជការសម្រាប់ទាក់ទងជាមួយប្រទេសក្រៅដោយចំពោះ ដែលគេហៅថា “ចុងលីយ៉ាម៉ឺន”។ មានការកែសម្រួលកម្លាំងយោធា រៀបចំទិញអាវុធ ចាត់តាំងក្រុមការងារបង្ហាត់បាញ់កាំភ្លើង បង្កើតអង្គភាពទ័ពជើងទឹកប៉ើយយ៉ាង និងកងទ័ពជើងទឹកហ្វូចៀន (ហុកកៀន)។ មានការបង្កើតរោងចក្រអាវុធនៅធានជិន សៀងហៃ និងណានគិង។ ផ្នែកអប់រំមានបង្កើតសាលាបង្រៀនភាសាបរទេស ថុងវ៉ើនកួន ដើម្បីបើកបង្រៀនភាសានិងចំណេះដឹងអន្ដរជាតិ បង្កើតធនធានអ្នកបកប្រែភាសា បញ្ជូននិស្សិតទៅសិក្សានៅបរទេស និងចាប់ផ្ដើមធ្វើឧស្សាហកម្មរ៉ែ ការបង្កើតនាវាពានិជ្ជកម្ម។
នាពេលក្រោយមកទៀត ជប៉ុនបានចាប់ផ្ដើមអភិវឌ្ឍប្រទេសរបស់ខ្លួនឲ្យខ្លាំងក្លាឡើង។ កាលនោះអ្នកកោះរិវគិវធ្លាយនាវាធ្វើដំណើរអណ្ដែតទៅកោះតៃវ៉ាន់តែត្រូវពួកអ្នកស្រុកព្រៃនៅតៃវ៉ាន់សម្លាប់។ ឆ្នាំ គ.ស ១៨៧២ ជប៉ុនយកលេសនេះវាយយកកោះរិវគិវ រួចបន្ដវាយយកកោះតៃវ៉ាន់។ ចុងក្រោយជប៉ុនប្រកាសថាកោះរិវគិវជារបស់ខ្លួនទាំងអស់ ឯរាជការម៉ាន់ជូមិនបានប្រឆាំងនឹងហេតុការណ៍នេះឡើយ ទើបទទួលបានសន្ដិភាពមួយរយៈ។
ក្រោយមកពេលមើលឃើញពីសារៈសំខាន់នៃនាវាចម្បាំង ទើបចិនខិតខំអភិវឌ្ឍនិងបង្កើតកងទ័ពជើងទឹកឲ្យកាន់តែទាន់សម័យ ដោយចាត់តាំងឲ្យមានកងកម្លាំងប៉ើយយ៉ាង ឬកងកម្លាំងខាងជើង និងកងកម្លាំងណាន់យ៉ាង ឬកងកម្លាំងខាងត្បូង កងទ័ពជើងទឹកក្វាងទុង កងទ័ពជើងទឹកហុកកៀន។ ពេលចាត់តាំងបង្កើតដំបូងមានធនធានគ្រប់គ្រាន់ តែក្រោយមកត្រូវខ្វះខាតទៅវិញដោយសារព្រះនាងស៊ូស៊ីថៃហៅប្រើប្រាស់ប្រាក់រាជការសម្រាប់តែកិច្ចការផ្ទាល់ខ្លួនពេក គឺបើកប្រាក់ដោយប្រើឈ្មោះ “ប្រាក់បង្កើកងទ័ពជើងទឹក” ធ្វើឲ្យប្រាក់ប្រើប្រាស់ទៅមិនដល់ពលទាហាន។ ស៊ូស៊ីថៃហៅបានយកប្រាក់ទាំងនោះទៅសង់ព្រះរាជវាំងរដូវក្ដៅជំនួសព្រះរាជវាំងយួនមិងយួនដែលត្រូវដុតបំផ្លាញដោយកងទ័ពអង់គ្លេសនឹងបារាំង។ នេះមិនទាន់គិតលើប្រាក់ដែលយកទៅចំណាយក្នុងពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះនាងដែលចាយអស់ដល់ទៅ ២ លានតម្លឹង។ សរុបប្រាក់ដែលព្រះនាងយកទៅប្រើប្រាស់ផ្ទាល់ខ្លួននោះមានរហូតដល់ទៅ ២៦ លានតម្លឹង។
លទ្ធផលនៃទង្វើខាងលើនេះបង្ហាញឲ្យឃើញច្បាស់ក្នុងសង្គ្រាមរវាងចិននិងជប៉ុនដែលកើតឡើងម្ដងទៀតក្នុងជម្លោះស្ដីអំពីប្រទេសកូរ៉េ។ កងទ័ពជើងទឹកប៉ើយយ៉ាងរបស់ចិន ប្រយុទ្ធជាមួយកងទ័ពជើងទឹកជប៉ុនដែលមានចំនួនស្មើគ្នា តែទូកចិនត្រូវលិចទាំងអស់។ នេះបង្ហាញឲ្យឃើញថាប្រាក់ដែលត្រូវដកហូតចេញពីគ្រោងការអភិវឌ្ឍកងទ័ពជើងទឹកនោះ បានបំផ្លាញកងទ័ពជើងទឹកចិន និងធ្វើឲ្យចិនចុះខ្សោយមួយតំណាក់កាលទៀត។
ក្នុងកំឡុងពេល ១០០ ថ្ងៃនៃការធ្វើបដិវត្ដ ខាំងយ៉ូវវ៉ើយនិងក្រុមការងារបានស្នើឲ្យមានការធ្វើបដិវត្ដច្បាប់ផ្សេង ៗ ធ្វើឲ្យកួងស៊ីឈប់ប្រើច្បាប់ចាស់ ហើយប្រកាសប្រើច្បាប់ថ្មីជាង ១០០ ច្បាប់។ តែគំនិតបដិវត្ដនេះត្រូវបានជំទាស់ដោយក្រុមអ្នកកាន់អំណាចចាស់យ៉ាងធ្ងន់ធ្ងរ ដោយច្បាប់ដែលប្រកាសថ្មីនោះ ក្នុងដើមខែឧសភាចែងតែអំពីរឿងសេដ្ឋកិច្ច យោធា ការសិក្សាប៉ុណ្ណោះ តែដល់ចុងខែមិថុនាមានចែងទៅដល់រឿងអំណាចគ្រប់គ្រង ដោយមានចែងអំពីការដកតំណែងមន្ដ្រីរាជការ ផ្លាស់ប្ដូររចនាសម្ព័ន្ធការងារដែលស្មុគស្មាញ អនុញ្ញាតឲ្យមន្ដ្រីតូចធំនិងប្រជារាស្ដ្រអាចថ្វាយដីកា។ តែច្បាប់ថ្មីទាំងអស់នេះ ក្រៅពីមន្ដ្រីធំនៅហ៊ូណានយកទៅប្រើយ៉ាងម៉ត់ចត់នោះ មន្ដ្រីធំ ៗ នៅតំបន់ផ្សេង ៗ បែរជាយកទៅប្រើបែបប្រឡាំប្រកូវ។ ចំណែកមន្ដ្រីថ្មីដែលទើបនឹងចាត់តាំងឡើងនោះត្រូវបានពួកមន្ដ្រីចាស់ ៗ ចាប់ដាក់ឃុំ ធ្វើឲ្យច្បាប់ថ្មីនេះត្រូវបរាជ័យក្នុងពេលយកទៅអនុវត្ដ។
ការព្យាយាមធ្វើបដិវត្ដច្បាប់ថ្មីនេះក៏បានធ្វើឲ្យព្រះនាងស៊ូស៊ីថៃហៅមិនពេញព្រះទ័យជាខ្លាំង ដោយសារទ្រង់គិតថាអំណាចរបស់ទ្រង់ត្រូវរង្គោះរង្គើ ធ្វើឲ្យកើតការប្រឆាំងនឹងក្រុមបដិវត្ដដែលដឹងនាំដោយហង់តេកួងស៊ី។ ការប្រឆាំងពីសំណាក់ស៊ូស៊ីថៃហៅ បានធ្វើឲ្យក្រុមបដិវត្តន៍ដែលគ្មានកម្លាំងយោធាក្នុងដៃភ័យញាក់សាច់ ហើយងាកទៅសុំជំនួយពីយួនស៊ឺខាយដែលក្ដាប់អំណាចទាហានជើងគោក ដើម្បីទប់ទល់នឹងស៊ូស៊ីថៃហៅ។ តែពេលដល់ថ្ងៃទី ១ ខែសីហា កួងស៊ីចេញបញ្ជាសម្ងាត់ឲ្យយួនស៊ឺខាយដឹកនាំទ័ពកម្ចាត់ស៊ូស៊ីថៃហៅ តែយួនស៊ឺខាយត្រឡប់ក្លាយជាមនុស្សក្បាលពីរក្បត់ក្រុមបដិវត្ដន៍ ជួយស៊ូស៊ីថៃហៅក្នុងការធ្វើរដ្ឋប្រហារ និងចាប់កួងស៊ីទៅឃុំនៅអ៊ិងថៃ លុបចោលច្បាប់បដិវត្ដន៍ទាំងអស់ លើកលែងតែច្បាប់បង្កើតសាកលវិទ្យាល័ប៉េកាំង ចេញបញ្ជាឲ្យចាប់ឃាត់ខ្លួនតំណាងទាំង ៦ នាក់របស់ក្រុមបដិវត្ដន៍ ឬក្នុងប្រវត្ដិសាស្ដ្រគេហៅថា “៦ វិញ្ញូជននៃហេតុការអ៊ូស៊ី” ទៅប្រហារគម្រាមនាកណ្ដាលក្រុងប៉េកាំង។
ក្រោយបរាជ័យលើកនេះ ចិនត្រូវបញ្ជូនលីហុងចាងទៅចចារសន្ដិភាពនៅជប៉ុនក្នុងសន្ធិសញ្ញឈិម៉ូណូសេគិ ដែលចិនត្រូវទទួលស្គាល់ការគ្រប់គ្រងខ្លួនឯងរបស់កូរ៉េ ឬក្នុងន័យមួយទៀតគឺត្រូវទទួលស្គាល់ការគ្រប់គ្រងរបស់ជប៉ុនលើកូរ៉េ និងថែមទាំងប្រគល់សមុទ្រលៀវតុង តៃវ៉ាន់ ក្រុមកោះផឺងហ៊ូ (ផេស្កាដឺរេស) ឲ្យជប៉ុន ថែមទាំងសងថ្លៃខូចខាតពេលធ្វើសង្គ្រាមជាសាច់ប្រាក់ ២៣០ លានតម្លឹង បើកកំពង់ផែសាស៊ឺ ឆុងឈិង ស៊ូចូវ និងហាំងចូវជាកំពង់ផែពានិជ្ជកម្ម និងកំពង់ផែរបស់ចិនត្រូវអនុញ្ញាតឲ្យជប៉ុនចូលមកលក់ដូរ ធ្វើឧស្សាហកម្ម ហត្ថកម្មក្នុងកំពង់ផែនបាន។